ថ្មីៗ

Friday, October 27, 2017

គ្រូ​ជប៉ុន ​ប្រាប់​កូន​ក្រុម​តែ​១​ឃ្លា ​ធ្វើ​ឱ្យ​ពួកគេ​រត់​ដាច់​ជើង​ចោល រហូត​ឈ្នះ​មីយ៉ាន់ម៉ា

លោក Inoue Kazunori ​គ្រូ​បង្វឹក​ក្រុម​យុវជន​កម្ពុជា ​លើក​ឡើង​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​ណាស់ ​ដោយ​តង់​ទី​១​កូន​ក្រុម​ធ្វើ​មិន​បាន​ល្អ ​ត្រូវ​រង់​ចាំ​ដល់​ចូល​តង់​ទី​២។
គ្រូ​បង្វឹក​ជប៉ុន​រូប​នេះ ​បាន​ប្រាប់​ទៅ​កូន​ក្រុម​អំឡុង​ពេល​សម្រាក​នៅ​ចប់​តង់​ទី​១​ថា​៖ “ខ្ញុំ​មិន​និយាយ​ពី​បច្ចេកទេស​ទេ ប៉ុន្តែ​អ្នក​កំពុង​លេង​តំណាង​ឱ្យ​ជាតិ។ ប្រសិន​បើ​កីឡាករ​តំណាង​ជាតិ យើង​ឈ្នះ​គឺ​ជាតិ​ឈ្នះ បើ​យើង​ចាញ់​គឺ​យើង​នៅ​តែ​អន់​ដដែល”។
ដោយសារ​តែ​សម្ដី​ខាង​លើ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​ប្រឹងប្រែង រត់​មិន​ចេះ​ហត់​រហូត​ទាល់​តែ​យក​ជ័យជម្នះ​បាន​លើ​ក្រុម​ខ្លាំង​មីយ៉ាន់ម៉ា​តែ​ម្ដង។ ​ក្រោយ​ការ​ប្រកួត​នេះ​ចប់ ​ក្រុម​កម្ពុជា​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត សម្រាប់​ប្រកួត​បន្ទាប់ ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ប្រសិន​បើ​អាច​យក​ឈ្នះ​ក្រុម​ហ្វីលីពីន​ច្រើន​គ្រាប់ ហើយ​មីយ៉ាន់ម៉ា​ចាញ់​ចិន ​នៅ​ប្រកួត​ចុង​ក្រោយ​នេះ។
កាល​ពី​ម្សិលមិញ​នេះ​លទ្ធផល​វគ្គ​ជម្រុះ​ពូល G ​នៃ​ពាន​រង្វាន់ AFC U19 Championship ​ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​នោះ ​ក្រុម​ចិន​បាន​យក​ឈ្នះ​ហ្វីលីពីន ៦-០ ​និង​កម្ពុជា​ឈ្នះ​មីយ៉ាន់ម៉ា ៣-២។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ចិន​ឡើង​លេខ​១​ក្នុង​ពូល ​កម្ពុជា​លេខ​២ ​បើ​ទោះ​ជា​មាន​៣​ពិន្ទុ​ស្មើ​មីយ៉ាន់ម៉ា​ក៏​ដោយ ព្រោះ​គិត​តាម​រូប​មន្ដ Head-to-Head៕

No comments:

Post a Comment