កើតជាមនុស្សស្រី ការថែរក្សាសម្រស់គឺជារឿងដ៏សែនឈឺក្បាល។ វាត្រូវការ ការយកចិត្តទុក្ខដាក់ខ្លាំង និងទាមទាឲ្យអ្នកដឹងពីគន្លឹះមួយចំនួន ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការជ្រុះសក់ច្រើន គឺជារឿងដ៏តក់ស្លុតមួយសម្រាប់ស្រីៗ។ សក់មិនស្អាតធ្វើឲ្យបាត់បង់ សម្រស់មួយផ្នែកធំ។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនធំ ដែលអ្នកអាចស្វែងយល់អំពីមូលហេតុទាំងនោះ ដើម្បីរារាំងនិងរកវិធីដោះស្រាយទាន់ពេល ៖
១. អ្នកមានអារម្មណ៍ស្រ្តេស
អារម្មណ៍ធុញថប់ មួម៉ៅ ខឹងច្រើន គេងមិនឆ្អែត ញ៉ាំមិនគ្រប់គ្រាន់ គឺជាមូលហេតុដ៏ធំដែលធ្វើឲ្យអ្នកឈឺក្បាល ព្រមទាំងជ្រុះសក់មិនឈប់ ដូច្នេះអ្នកគួរតែរកវិធីកាត់បន្ថយភាពតានតឹងទាំងនេះជាបន្ទាន់។
២. ការផ្លាស់ប្តូររដូវ
រដូវត្រជាក់ សក់របស់អ្នកនឹងជ្រុះច្រើន ហើយវានឹងដុះឡើងវិញនៅក្នុងរដូវក្តៅ។ វាជារឿងធម្មជាតិ ដែលមិនអាចប្រឆាំងបាន។
៣. ការកក់សក់
ទោះជារវល់យ៉ាងណា អ្នកគួរតែកក់សក់យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីជួយដល់សក់ដែលខូច និងកាត់បន្ថយការជ្រុះ។
៤. អ្នកស្រកគីឡូច្រើន
ការស្រកគីឡូច្រើនបែបគំហុក ធ្វើឲ្យរាងកាយអ្នកមិនទាន់សម្របសម្រួលបាន ហើយវាក៏ជះឥទ្ធិពលចំពោះសក់អ្នកផងដែរ។ អ្នកគួរតែព្យាយាមសម្រកគីឡូបែបយឺតៗ ដោយការហាត់ប្រាណ ដែលមិនប៉ះពាល់ដល់សុខភាព។
៥. អ្នកទើបសម្រាលកូនរួច
សក់អ្នកចាប់ផ្តើមជ្រុះច្រើនក្រោយអ្នកសម្រាលបាន២ខែ ប៉ុន្តែកុំបារម្ភវានឹងបាត់ ព្រមទាំងដុះវិញនៅពេលឈានដល់ខែទី៦ ទៅទី៨។
៦. អ្នកឈប់ប្រើថ្នាំពន្យារកំណើត
ការប្រែប្រួលអ័រម៉ូន ប៉ះពាល់ដល់ការលូតលាស់របស់សក់ ប៉ុន្តែវានឹងវិលទៅភាពប្រក្រតីវិញក្រោយពេលអ្នកផ្អាកបានមួយរយៈធំ។
៧. ចងសក់តឹងៗ
ចង់ ក្របួច បួង សក់រាល់ថ្ងៃធ្វើឲ្យសក់ខូចនិងជ្រុះ ដូច្នេះអ្នកគួរប្ដូរទម្លាប់មក ចងបែបធូរៗ ឫទម្លាក់សក់វិញ ទើបជាការប្រសើរ។
៨. ប្រើផលិតផលបន្ថែមសំណើមឲ្យសក់ខ្លាំងពេក
សក់របស់អ្នក មានសមត្ថភាពក្នុងការរក្សាតុល្យភាពសំណើមពីធម្មជាតិ ដូច្នេះបើអ្នកបន្ថែមសំណើមឲ្យវាច្រើនពេក នោះវាអាចក្លាយជាគុណវិបត្តិទៅវិញ។
៩. ការជ្រុះសក់គឺជារឿងទូទៅ
ជាមធ្យមមនុស្សម្នាក់ៗជ្រុះសក់ចន្លោះ៥០ទៅ១០០សរសៃក្នុងមួយថ្ងៃ ដូច្នេះអ្នកមិនបាច់តក់ស្លុតពេកទេ។
ការជ្រុះសក់អាចជារឿងធម្មតា ប៉ុន្តែបើអ្នកជ្រុះច្រើនខុសពីធម្មតា និងរយៈពេលយូរអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជារោគសញ្ញានៃជំងឺណាមួយ៕
ប្រភព៖ http://kanha.sabay.com.kh, familyshare
No comments:
Post a Comment