ព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា Khmer Thai Fight នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដែលកម្ពុជាបានសហការគ្នាជាមួយប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើង។ ព្រឹត្តិការណ៍ដែលមានប្រទេសចូលរួមរហូតដល់១០មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកស្នេហាវិស័យប្រដាល់ ចុះប្រិយមិត្តចាប់អារម្មណ៍ទេថា តើការរៀបចំនេះកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ថ្ងៃនេះ Sabay សូមលើកយកចំណុចខ្លះមកជម្រាបជូន។
១-បង្ហាញឲ្យពិភពលោកបានដឹងពីកម្រិតក្បាច់គុនរបស់ខ្មែរ
ទាក់ទងចំណុចនេះលោក អេ ភូថង គ្រូបង្ហាត់គុនខ្មែរជម្រើសជាតិកម្ពុជាបញ្ចេញទស្សនៈថា នីតិវិធីរបស់ថៃ ក្នុងការផ្សព្វផ្សាយព័ត៌មានតម្កើងគុនខ្មែរមានខ្ពស់។ ដូច្នេះនេះជាឱកាសល្អមែនទែន ដែលប្រទេសថៃព្រមយកកម្មវិធីនេះមករៀបចំនៅកម្ពុជា ដោយពួកគេនឹងកោះហៅកីឡាករល្អៗនៅលើពិភពលោកមកចូលរួម។
មួយវិញទៀត ការរៀបចំនេះអាចឲ្យកម្ពុជាទទួលបានឱកាសបង្ហាញស្នាដៃពីកម្រិតក្បាច់គុនរបស់ខ្លួន ដែលមានមិនក្រោមថៃឲ្យពិភពលោកបានដឹង។
២-ទទួលបានបទពិសោធកាន់តែច្រើនក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ
មែនទែនទៅកីឡាករល្បីៗ របស់កម្ពុជាមួយចំនួនមិនទាន់បានប្រលូកព្រឹត្តិការណ៍ធំៗឡើយ។ ឱកាសចូលរួមលើកនេះអាចជាឱកាសល្អឲ្យពួកគេទទួលបានបទពិសោធ និងសិក្សាពីក្បាច់គុនរបស់ប្រទេសដែលចូលចិត្តសិល្បៈប្រយុទ្ធ។
៣-ជារឿងល្អបំផុតសម្រាប់អ្នកគាំទ្រកម្ពុជា
ចំណង់ចំណូលចិត្តទស្សនាផ្ទាល់គឺជាអ្វីអ្នកស្នេហាវិស័យប្រដាល់ត្រូវការ។ និយាយពី Thai Fight អ្នកគាំទ្រកម្ពុជា ប្រហែលជាមានគំនិតមិនខុសគ្នាទេ ដែលកំពុងទន្ទឹងរង់ចាំការមកដល់នៃព្រឹត្តិការណ៍នេះ ដូច្នេះគឺជារឿងល្អបំផុតសម្រាប់អ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់នៅលើទឹកដីកម្ពុជា ពុំចាំបាច់ទៅក្រៅប្រទេស។
សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនឈ្មោះកីឡាករចំនួន ៤ រូបទៅចូលរួមព្រឹត្តិការណ៍នេះគឺមាន មឿន សុភា ឡៅ ចិត្រា ឃីម ឌីម៉ា និង ពេជ្រ ម្ទេសខ្មាំង ដោយការចូលរួមនេះ កីឡាករកម្ពុជាមិនប៉ះកីឡាករថៃទេ ពោលគឺត្រូវតតាំងជាមួយបណ្ដាប្រទេសដទៃទៀត៕
ប្រភព៖ http://news.sabay.com.kh
No comments:
Post a Comment